whit

ចំនួនអ្នកទស្សនា

Flag Counterunter" border="0" />

Monday, June 9, 2014

ប្រៀបធៀបពីលក្ខណៈសម្បត្តិ

តែងសេចក្តី
ប្រធានៈ ចូរអ្នកធ្វើការប្រៀបធៀបពីលក្ខណៈសម្បត្តិ តួអង្គជំទាវស្រែន ក្នុងរឿងតេជោយ៉ត និងលក្ខណៈ​សម្បត្តិតួអង្គទាវក្នុងរឿងទុំទាវ។ តើតួអង្គទាំងពីរ​ មានចំនុចដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ?
 សេចក្តីអត្ថាធិប្បាយ
មនុស្សក្នុងលោកមានច្រើនប្រភេទ អ្នកខ្លះមានសន្តានចិត្តល្អ​ ប៉ុន្តែរូបរាងខាងក្រៅមិនល្អស្អាត ខ្លះមានរូប​រាងល្អហើយតែចិត្តមិនបាន។ អ្នកខ្លះទៀតមានរូបសម្បត្តិ និងចិត្តគំនិតល្អថែមទៀតផង។ ជុំវិញបញ្ហា​លក្ខណសម្បត្តិនេះ នៅក្នុងរឿងតេជាេយ៉ត អ្នកនិពន្ធបានបង្ហាញពីតួអង្គជំទាវស្រែន ដែលនារីល្អឯក និង​មានទេពកោសល្យ ព្រមទាំងរឿងទុំទាវ​ ក៏បានបង្ហាញពីតួអង្គទាវ ដែលប្រកបទៅដោយរូបសម្បត្តិ និងចរិយាសម្បត្តិមិនចាញ់ជំទាវស្រែនដែរ។
តើតួអង្គទាំងពីរខាងលើមានចំនុចដូចគ្នា និងខុសគ្នាត្រង់ណាខ្លះ?
ដើម្បីជាជំនួយដល់ការប្រៀបធៀបលក្ខណៈដូចនិងលក្ខណៈខុសគ្នារវាងតួអង្គទាំងពីរនេះ​​ យើងគប្បីស្វែង​យល់ពាក្យគន្លឹះរបស់ប្រធានសិន។ លក្ខណសម្បត្តិ មានន័យថាជាលក្ខណៈសម្បត្តិពិសេសរបស់មនុស្ស​ម្នាក់ៗដែលមានតាំងពីកំណើតមក​ ដែលស្តែងចេញតាមរយៈកាយវាចាចិត្ត។ ដូចនេះគោលគំនិតសំខាន់​របស់ប្រធានគឺតម្រូវឲ្យយើងលើកយកលក្ខណៈសម្បត្តិនៃតួអង្គទាំងពីរ​​ មកធ្វើការប្រៀបធៀប ដើម្បីរក​ចំនុចដូចគ្នានិងខុសគ្នា។
ជាការពិត គឺធម្មជាតិនៃមនុស្ស​​​​​ តែងតែមានចំនុចដូចគ្នា ឬស្រដៀងគ្នាទៅលើផ្នែករូបសម្បត្តិ ឫចរិយា​សម្បត្តិ ដោយជៀសមិនផុតឡើយ។ យ៉ាងណាមិញបើយើងសង្កេតមើលតួអង្គជំទាវស្រែន​ និងតួអង្គ​ទាវក៏​មានលក្ខណៈដូចគ្នា នូវចំនុចពិសេសទាំងនោះដែរ។ ដោយហេតុថាជំទាវស្រែននិងនាងោទាវ ពោរពេញទៅ​ដោយរូបសម្រស់ស្រស់ស្អាតដូចគ្នា​ ពុំអាចរកនារីណាមកប្រៀបបានឡើយ។ ជាក់ស្តែងជំទាវស្រែនក្នុង​ពេលដែរស្តេចសម្រែបានជួបនាងជាលើកដំបូង នៅថ្ងៃមង្គលការក្មួយនោះបានសរសើរនាងថា "យី ជំទាវ​ស្រែនស្អាតណាស់! អូ ស្អាតណាស់​ ស្អាត់លើសស្រីនៅលើផែនដីនេះទៅទៀត"។​​​ ចំណែកនាងទាវវិញក៏ត្រូវ​បានព្រះរាជាសព្វព្រះទ័យជ្រើសរើស ធ្វើជាស្នំឯកនៅសម័យលង្វែក​ ដែរមានតែនាងទេដែរជានារីស្រស់​ស្អាតនោះ។ ក្រៅអំពីរូបសម្បត្តិ បើសិក្សាទៅលើចរិយាសម្បត្តិវិញ​គេនឹងឃើញថាតួអង្គនារីទាំងពីរ មាន​លក្ខណៈប្រសើរដូចគ្នាដែរ ព្រោះពួកគេទាំងពីរមានភក្តីភាពដូចគ្នាចំពោះស្វាមី​ ឫអ្នកដែរខ្លួនស្រលាញ់។​​​ ដូចជាជំទាវស្រែនមានទឹកចិត្តស្មោះត្រង់ចំពោះស្វាមីក្នុងពេលដែលស្វាមីមានវិបត្តិក្នុងការកំចាត់ស្តេចសម្រែ​​នាងស៊ូចេញមុខដោះស្រាយបញ្ហានោះរហូតទទួលបានជោគជ័យ។ ចំណែកនាងទាវក៏មិនខុសពីជំទាវស្រែន​ដែរគឺមានទឹកចិត្តស្រឡាញ់ទុំដោយស្មោះស្មគ្រ័​ មិននិយមទ្រព្យសម្បត្តិ​ អំណាច​​ បុណ្យសក្តិឡើយ  ។ នាង​តស៊ូនិងធ្វើពលីកម្មគ្រប់បែបយ៉ាង​ ដើម្បីទុំឫអ្នកដែលខ្លួនស្រលាញ់។ លើសពីនេះទៅទៀតតួអង្គទាំងពីរ​មានទឹកចិត្តក្លៀវក្លដូចគ្នា នៅចំពោះមុខឧបសគ្គទាំងឡាយ​​​ ទោះបីជាបញ្ហាទាំងនោះទាក់ទងដល់អាយុជីវិត​ឫកិត្តិយសរបស់ពួកគេយ៉ងណាក្តី ក៏នារីទាំងពីរនៅតែមានភាពក្លាហានជានិច្ច។​​​​​​​​ ដូចករណីជំទាវស្រែន​​ ហ៊ាន​បំពេញភារកិច្ចដ៏លំបាក និងធ្ងន់ធ្ងរបំផុតក្នុងការប្រើឧបាយកលចាប់ស្តេចសម្រែ។ ចំណែកនាងទាវហ៊ាន​​ចេញមុខសារភាពចំពោះព្រះភក្រ្ត័ព្រះរាជាថាខ្លួននិងទុំ គឺជាសង្សារនិងគ្នាពិតប្រាកដ​​ ដោយមិនបានខ្វល់ខ្វាយ​ចំពោះសេចក្តីស្លាប់ហើយ។
 ទោះបីតួអង្គទាំងពីរនេះមានលក្ខណៈដូចគ្នាក៏ដោយ​ ក៏នៅមានចំណុចជាច្រើនទៀតដែលជាលក្ខណៈខុសគ្នា​
ជាក់ស្តែងជាមួយនឹងការតស៊ូរបស់ជំទាវស្រែន ខុសពីការតស៊ូរបស់នាងទាវនៅត្រង់ថា ការតស៊ូរបស់ជំទាវ​ស្រែនធ្វើឡើងដើម្បីជាតិទាំងមូល ព្រោះស្តេចសម្រែជាបុគ្គលក្បត់នឹងស្តេចផែនដី ហេតុនេះត្រូវចាប់ខ្លួន​បញ្ជូនទៅកាត់ទោសប្រហារជីវិត ។ ចំណែកនាងទាវវិញការតស៊ូរបស់នាងធ្វើឡើងមានលក្ខណៈជាបុគ្គល​ប៉ុណ្ណោះ ពុំមែនដើម្បីជាតិនោះទេ  ។​​​​​​  មានន័យថាអ្វីៗដែលនាងធ្វើគឺដើម្បីប្រយោជន៍របស់ខ្លួន ដើម្បីសុភ​​មង្គលរបស់ខ្លួនដែលចង់រស់នៅជាមួយទុំតែប៉ុណ្ណោះ ។​​ ចំពោះដំណើរជីវិតរបស់នារីទាំងពីរក៏មិនដូចគ្នា​គឺថា​ជំទាវស្រែនបានទទួលតេជោមាសជាប្តី​​ ហើយមានងារជាតេជោ ជាមេទ័ពដ៏ពូកែប្រចាំនគរ។ មួយវិញទៀត​នាងត្រូវរស់នៅជាស្រ្តីមេម៉ាយមួយរយៈបន្ទាប់ពីតេជោមាសស្លាប់ ដោយសារត្រូវកណ្តាប់ដៃមហាទម្ងន់​របស់ស្តេចសម្រែ​​ បន្ទាប់មកព្រមទទួលតេជោយ៉តជាស្វាមី​ ហើយតាមរយៈស្វាមីនាងក៏ទទួលបានងារជា​ជំទាវទៀតផង។ ក្រៅពីនេះជំទាវស្រែនពោរពេញទៅដោយឧត្តមគតិជាតិនិយមការដែលនាងប្រើឧបាយ​កលកំចាត់ស្តេចសម្រែគឺដើម្បីឲ្យនគរបានសុខសាន្ត។​​​​​​ ចំនែកដំណើរជីវិតរបស់ទាវវិញ ពិតជាមានការ​លំបាកជាច្រើន ព្រោះនៅទីបំផុតមនុស្សដែលនាងស្រឡាញ់ត្រូវស្លាប់ក្រោមការបញ្ជា ការញុះញង់របស់​ម្តាយខ្លួន។​​​​ ទនឹ្ទមនឹងនេះ​ នាងបានរស់នៅជាមួយទុំមួយរយៈក្នុងងារទុំជាមុឺនឯក​​​​ ប៉ុន្តែនាងទាវគ្មានងារជា​ជំទាវដូចជំទាវស្រែនឡើយ បានត្រឹមជានារីសាមញ្ញម្នាក់តែប៉ុណ្ណោះ ។ ចំពោះឧត្តមគតិនាងវិញ គឺការដែល​នាងតស៊ូប្រឆាំងនឹងផ្នត់គំនិត សង្គមនៅពេលនោះគឺប្រព្រឹត្តទៅចំពោះគំនិត អភិរក្សនិយមម្តាយរបស់ខ្លួន​គឺសិទ្ធិក្នុងការជ្រើសរើសគូស្រករ ។  ដោយសាការប្រឈមមុខបែបនេះហើយទើបធ្វើឲ្យនាងពុំអាចយក​ជ័យជំនះបាន។
សរុបមកតាមរយៈលក្ខណៈរូបសម្បត្តិ និងចរិយាសម្បត្តិខាងលើនេះជាចំណុចដូចគ្នា និងចំណុចខុសគ្នារវាង​តួអង្គជំទាស្រែននិងនាងទាវដែលប្រកបទៅដោយការតស៊ូ   លះបង់ទៅលើដំនើរជីវិតដ៏វែងឆ្ងាយព្រមទាំង​កំសត់ផង។
ឆ្លងតាមការប្រៀបធៀបខាងលើនេះ បានបង្ហាញឲ្យឃើញថា តួអង្គជំទាវស្រែនមានលក្ខណៈប្រសើរជាង​នាងទាំវ ព្រោះដំណើរជីវិតរបស់ជំទាវស្រែន គ្រាន់តែមានលក្ខណៈកំសត់បន្តិចបន្តួចប៉ុណ្ណោះ ។ ចំណែកទាវ​នាងមិនត្រឹមតែកំសត់ប៉ណ្ណោះទេគឺអ្នកដែលខ្លួនស្រឡាញ់ស្លាប់ក្នុងថ្លក់ឈាម​​ និងទឹកភ្នែកថែមទៀតផង ។​​​ដូច្នេះ ដើម្បីជំរុញឲ្យដំណើរជីវិត​យើងទាំងអស់គ្នាជៀសផុតពីទុក្ខលំបាក ហើយរស់នៅក្នុងសុភមង្គលពិត​ប្រាកដ ក្នុងនាមជាអ្នកសិក្សាយើងត្រូវខិតខំព្យាយាមរៀនសូត្រ តស៊ូជំនះគ្រប់ការលំបាក​ នោះទើជីវិតយើង​រុងរឿង។






0 comments:

Post a Comment